អង្គការសម្រុះសម្រួលឯករាជ្យ មានជំនាញក្នុងការផលិតផែនទីបឋមសម្រាប់ការចុះបញ្ជីដីសហគមន៍ និងផែនទីដីវិវាទ (ការទាមទារដីត្រួតគ្នា) សម្រាប់ការសម្រុះសម្រួលវិវាទ។

ការរៀបចំផែនទីបឋម គឺដើម្បីជួយដល់សហគមន៍រៀបចំផែនទីដីដែលគ្មានវិវាទសម្រាប់ការចុះបញ្ជីដីសមូហភាព ដែលការរៀបចំផែនទីបឋមនេះទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំង​អស់។

ការរៀបចំផែនទីដីវិវាទ ដែលមានការទាមទារដីត្រួតគ្នា គឺជាផែនទីលម្អិតនៃតំបន់វិវាទ / តំបន់ត្រួតគ្នា ដែលមានន័យថាគ្រប់តំបន់ទាំងអស់ដែលទាមទារត្រួតគ្នា គ្របដណ្ដប់ដោយវិវាទនៃការប្រើប្រាស់ដីធីឬវិវាទព្រំដី។ ការងារធ្វើផែនទីនេះជាទូទៅត្រូវបានធ្វើឡើងដោយការវាស់វែងប្រើប្រាស់ឧបករណ៍ GPS និងផ្អែកលើរូបថតផ្កាយរណប ដែលឆ្លុះបញ្ចាំងពីដីវិវាទ និងដីទាមទារត្រួតគ្នារវាងភាគីវិវាទទាំងអស់ដោយគ្មានការវិនិច្ឆ័យឬការដាក់កំហិតឡើយ។ សកម្មភាពធ្វើផែនទីនេះតម្រូវឱ្យមានភាពច្បាស់លាស់រហូតដល់កម្រិតនៃក្បាលដី។

ការងារនេះតម្រូវឱ្យក្រុមជំនាញធ្វើការជាមួយសហគមន៍មូលដ្ឋាន និងក្រុមហ៊ុនឬភាគីវិវាទដទៃទៀត ដែលមានអ្នកជំនាញវាស់វែងដោយប្រើ GPS និងជំនាញ GIS ។ ជាលទ្ធផលចុងក្រោយ ក្រុមនេះនឹងបង្កើតផែនទីដីវិវាទលម្អិតសម្រាប់ភូមិឬតំបន់នីមួយៗតាមករណីដែលអាចមាន។

បច្ចុប្បន្ននេះ អង្គការសម្រុះសម្រួលឯករាជ្យ មានចំនួនបុគ្គលិកជំនាញ GIS និងអ្នកប្រឹក្សាជាតិ ដែលអាចបំពេញការងារនេះបានយ៉ាងច្បាស់លាស់។